Wednesday, March 22, 2017
ចៃនៅលើក្បាលមនុស្សកើតឡើងដោយសារអ្វី? មកពីណា? គ្រោះថ្នាក់ទេ? និងវិធីកម្ចាត់
បញ្ហាមួយរបស់ឪពុកម្តាយដែលមានកូនតូចស្ថិតក្នុងវ័យរៀនគឺ ការកម្ចាត់សត្វចៃដែលរស់នៅលើក្បាលរបស់កូន និងបើសិនជាមិនបានមើលថែទាំឱ្យបានល្អទេនោះ ពងសត្វចៃអាចមកនៅទុំលើសរសៃសក់របស់ឪពុកម្តាយខ្លួនឯងផង ក៏អាចថាបានដែរ។
ចៃនៅលើក្បាលរបស់កូន ទោះជាពេលខ្លះយើងបានមើលថែទាំបានយ៉ាងល្អហើយក៏ដោយ តែក៏មិនអាចកម្ចាត់ឱ្យអស់បានទៅដែរ ព្រោះពេលកូនទៅសាលារៀន ក៏អាចនឹងឆ្លងពីមិត្តភ័ក្តិបានទៀតដែរ ដូច្នេះវិធីកម្ចាត់ឱ្យបានលទ្ធផលល្អ គឺត្រូវតែធ្វើយ៉ាងជាប់លាប់។
ថ្ងៃនេះឡា រ៉ែន មានវិធីកម្ចាត់សត្វចៃនៅលើក្បាលដែលយើងអាចធ្វើបានយ៉ាងងាយមកជម្រាបជូន។
- ចៃកើតមកពីអ្វី?
សត្វចៃដែលរស់នៅលើស្បែកក្បាលមនុស្សយើង គឺជាប៉ារ៉ាស៊ីត មានលក្ខណៈជាសត្វល្អិតខ្នាតតូច ខ្លួនវែងរាងពងក្រពើប្រមាណជា 3 - 4 មីល្លីម៉ែត្រ។ ចៃញីនឹងបញ្ចេញស៊ុតដាក់នៅលើសរសៃសក់របស់មនុស្សយើងម្តងៗប្រមាណជា 7 - 10 គ្រាប់ក្នុងមួយថ្ងៃ ប្រើពេលភ្ញាស់ចេញជាកូនប្រមាណជា 1 សប្តាហ៍។ ចៃបឺតជញ្ជក់ឈាមមនុស្សជាអាហារ និងអាចឆ្លងគ្នាបានដោយសារការរស់នៅជិតស្និទ្ធនឹងគ្នា និងប្រើរបស់របររួមគ្នា ដូចជា ប្រើក្រាសសិតសក់ ឬមួកជាដើម។
- គ្រោះថ្នាក់អំពីការកើតចៃ
ការកើតមានចៃនៅលើក្បាលមិនមែនជារោគធ្ងន់ធ្ងរនោះទេ តែបើបណ្តោយឱ្យមានចៃដោយមិនមើលថែទាំព្យាបាល ឬកម្ចាត់ចេញទេនោះ នៅពេលកើតអាការរមាស់ ក៏នឹងធ្វើឱ្យមានការអេះញឹកញាប់ នាំឱ្យខ្មាស់គេ និងអាចធ្វើឱ្យស្បែកក្បាលដាច់រយៈដោយសារក្រចកដៃដែលអេះ រហូតបណ្តាលឱ្យឆ្លងមេរោគបាន។ ចំណែកកុមារដែលឆ្លងចៃមក បើមិនបានមើលថែទាំល្អទេនោះ អាចនឹងហុចផលប៉ះពាល់ដល់វិវឌ្ឍនាការ ធ្វើឱ្យការរៀនសូត្រមានបញ្ហា រាងកាយលូតធំធាត់យឺត និងនៅធ្វើឱ្យក្មេងគេងសម្រាកមិនបានគ្រប់គ្រាន់ ព្រោះតែគេងលក់មិនបានស្រួលដោយសារតែអាការរមាស់ស្បែកក្បាលដែលបណ្តាលមកពីសត្វចៃខាំជញ្ជក់ឈាមហ្នឹងឯង។
- វិធីកម្ចាត់សត្វចៃចង្រៃ
ការកម្ចាត់សត្វចៃមិនមែនជារឿងពិបាកនោះទេ បើឧស្សាហ៍មើលថែទាំសម្អាតស្បែកក្បាល និងសរសៃសក់ ជាពិសេសក្មេងៗ តែការកម្ចាត់ឱ្យបាត់អស់ដាច់តែម្តងអាចជារឿងពិបាកបន្តិច ព្រោះវាងាយឆ្លងគ្នាណាស់ តាមរយៈការនៅក្បែរគ្នា លេងជាមួយគ្នាប្រើរបស់របឬមួយចំនួនរួមគ្នា ជាដើម តែការកម្ចាត់មិនឱ្យមានមេសត្វចៃពេញវ័យដើម្បីការពារកុំឱ្យវាពងដាក់ក្បាលនោះគឺ ជាការកម្ចាត់សត្វចៃយ៉ាងត្រឹមត្រូវ។
1 . កក់សក់ជាប្រចាំ យ៉ាងតិចមួយសប្តាហ៍ 2 - 3 ដង ព្រោះនៅក្នុងទឹកសាប៊ូកក់សក់មានសារធាតុដែលអាចកម្ចាត់សត្វចៃបានច្រើនប្រភេទ។
2 . ឧស្សាហ៍ប្រើស្និតសិតសក់ទម្លាក់ចៃ ដើម្បីកម្ចាត់មេចៃពេញវ័យឱ្យអស់ ជាការការពារមិនឱ្យវាបញ្ចេញស៊ុតរហូតភ្ញាស់ជាកូនចៃបាន។
3 . ការប្រើឱសថបុរាណកម្ចាត់សត្វចៃ ដូចជា យកស្លឹកទៀបញីឱ្យបែកម៉ដ្ឋ ហើយយកមកបំពោកផ្អាប់សក់ ទុកចោល 30
នាទី មុននឹងលាងចេញ ហើយកក់សម្អាតតាមប្រក្រតី វាជួយសម្លាប់សត្វចៃបានយ៉ាងល្អ ឬចង់ប្រើស្លឹកក្រូចសើចញីបូតតាមសរសៃសក់មុននឹងកក់សក់គ្រប់ពេល វិធីនេះក្រៅពីកម្ចាត់សត្វចៃ និងពងដែលតោងជាប់លើសរសៃសក់បានហើយ នៅធ្វើឱ្យសរសៃសក់ទន់
ល្មើយទៀតផង។
4 . ចៀសវាងការប្រើរបស់របររួមគ្នា ដូចជា ក្រាសសិតសក់ មួក ជាដើម
ការកើតចៃមិនបានធ្វើឱ្យកើតមានគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរឡើយ ក្រៅតែពីសាងក្តីរំខាន និងគួរឱ្យខ្ពើមពីសំណាក់មនុស្សជុំវិញខ្លួនប៉ុណ្ណោះ ដូច្នេះការការពារ និងការកម្ចាត់មេចៃពេញវ័យមិនឱ្យពងដាក់ក្បាលគឺជា វិធីកម្ចាត់សត្វចៃដែលទទួលបានផលល្អបំផុត៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment